ក្រោមការដឹកនាំរបស់លោកគ្រូអ្នកគ្រូ និងការរួបរួមគ្នារបស់និស្សិតឆ្នាំទី២ ប្រចាំដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) បានរៀបចំកម្មវិធីពិព័រណ៍រូបថតជាលើកទី២ បន្ទាប់ពីធ្លាប់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មិត្តយុវវ័យ ក៏ដូចជាក្រុមនិស្សិតជាច្រើននាក់ កាលពីឆ្នាំមុន។
សម្រាប់កម្មវិធី «DMC Photo Festival 2020» លើកទី២ បានចាប់ផ្តើមដំណើរការ ពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ រហូតដល់ចុងខែសីហា នេះតែម្ដង។ យ៉ាងណាមិញ ដោយសារតែបញ្ហាជំងឺកូវីដ១៩ នៅមិនទាន់ធូរស្រាលនៅឡើយ ដូច្នេះហើយខាងដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) សម្រេចដាក់ឱ្យការតាំងពិព័រណ៍រូបថតស្នាដៃនិស្សិតឆ្នាំនេះ ដំណើរការតាមរយៈប្រព័ន្ធឌីជីថលជំនួសវិញ ក្នុងគោលបំណងជៀសវាងការជួបជុំគ្នាបង្កើនចំនួនមនុស្សអ៊ូអរ នៅកន្លែងរៀបចំកម្មវិធីនេះ ដើម្បីចូលរួមបង្ការការឆ្លងជំងឺកូវីដ១៩ ។
ពិព័រណ៍រូបថតលើកទី២ នេះដែរ ត្រូវបានផលិត និងរៀបចំឡើងដោយនិស្សិតឆ្នាំទី២ ជំនាន់ទី១៨ និងដឹកនាំដោយលោកគ្រូ ផន ភារិទ្ធ ដែលជាគ្រូបង្រៀនថតនៃដេប៉ាតឺម៉ង់នេះផ្ទាល់។ លោកបានបន្តថា «យើងប្រើរូបភាពជំនួសវីដេអូ ដើម្បីជាសារពញ្ញាក់អារម្មណ៍ដល់អ្នកទស្សនា ពីសកម្មភាពដែលពួកគាត់ជួបប្រទះប្រចាំថ្ងៃ។ បើទោះបីជាស្នាដៃនិស្សិតមិនសូវល្អដូចអ្នកថតអាជីពក៏ដោយ ក៏យើងសម្រិតសម្រាំងឱ្យស្នាដៃទាំងនោះឆ្លុះបញ្ចាំងពីសង្គមវិញ ដោយរូបថតមានលក្ខណៈជាស៊េរីបណ្តាក់គ្នាទៅតាមសាច់រឿងឱ្យអ្នកចូលរួមបានយល់»។
ហេតុដូច្នេះ មិត្តៗយុវវ័យទាំងអស់គ្នា ពិសេសក្រុមនិស្សិតនានាអាចចូលរួមទស្សនាបាន តាមរយៈ៖
១. គេហទំព័រ៖ http://www.dmcphotofest.com/
២. ទំព័រហ្វេសប៊ុក DMC Photos Festival ៖ https://www.facebook.com/DmcPhotoFestival
៣. ទំព័រហ្វេសប៊ុកដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍៖ https://www.facebook.com/DMC.CCI
សូមបញ្ជាក់ផងដែរថា ក្រៅពីទស្សនារូបថតសាធារណជនអាចតាមដានកម្មវិធីកិច្ចពិភាក្សារបស់វាគ្មិនជាច្រើនរូប និងទស្សនីយភាពផ្សេងៗទៀត ទៅតាមសប្តាហ៍នីមួយៗ រហូតដល់ចុងខែសីហា ២០២០៕