របាយការណ៍សង្ខេបនៃកម្មពិធីពិព័រណ៍រូបថត «DMC Photo Festival »

ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ បានរៀបចំពិព័រណ៍រូបថតលើកទីពីររបស់ខ្លួនតាមរយៈប្រព័ន្ធឌីជីថល ដែលបានប្រព្រឹត្តទៅចាប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០ បានបញ្ចប់ទៅដោយជោគជ័យ។ រូបថតទាំង ២៥០ សន្លឹក ត្រូវបានថត និងផលិតដោយនិស្សិតឆ្នាំទី២ ជំនាន់ទី១៨ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) ក្រោមការបង្ហាត់បង្រៀន និងដឹកនាំរបស់ លោក ផន ភារិទ្ធ (Miller) ដែលជាគ្រូបង្រៀនថតរូបនៃដេប៉ាតឺម៉ង់ផ្ទាល់។

ពិព័រណ៍រូបថតនេះ ត្រូវបានរៀបចំឡើង ដោយផ្តោតលើប្រធានបទធំៗចំនួន៩ រួមមាន៖

  • ចំណែកមួយនៃទីក្រុង បង្ហាញពីជីវិតប្រជាពលរដ្ឋខ្មែរ-ឥស្លាម ដែលរស់នៅ និងប្រកបរ នេសាទត្រីនៅលើទន្លេចតុមុខ។

  • ឯកសណ្ឋានយើង អត្តសញ្ញាណយើង បង្ហាញពីឯកសណ្ឋានរបស់ប្រជាពលរដ្ឋខ្មែរទៅតាម មុខងារ និងមុខរបររបស់ពួកគាត់។

  • ម្ហូបយើង អត្តសញ្ញាណយើង បង្ហាញអំពីរបៀបធ្វើនំបញ្ចុកខ្មែរ របស់ប្រជាជននៅតាមបណ្ដា ខេត្ត។

  • ជីវិត ៣ សម័យកាល បង្ហាញពីការរស់នៅ និងការស្លៀកពាក់ពលរដ្ឋខ្មែរសម័យអាណានិគម បារាំង សម័យខ្មែរក្រហម និងសម័យបច្ចុប្បន្ន។

  • ខ្ញុំគឺបណ្ដាញសង្គម បង្ហាញពីឥទ្ធិពលនិងផលប៉ះពាល់ដោយប្រយោល របស់ប្រព័ន្ធផ្សព្វផ្សាយ សង្គមទៅលើអ្នកប្រើប្រាស់។

  • ក្រោមលោកតែមួយ វាសនាខុសគ្នា បង្ហាញពីជីវិតកុមាររស់នៅក្នុងស្ថានភាពលំបាក ខណៈ កុមារផ្សេងទៀតរស់នៅក្នុងភាពសុខស្រួល។

  • តើសំរាមមកពីណា? បង្ហាញពីប្រភពនៃសំរាមដែលកាន់តែមានបរិមាណច្រើនពីមួយថ្ងៃទៅ មួយថ្ងៃ។

  • នាដកាតូច រៀបរាប់ពីកុមារីម្នាក់រៀនថ្នាក់ទី ៥ ម្នាក់ ដែលមានក្ដីស្រម៉ៃចង់ក្លាយជាអ្នកហាត់របាំ នៅពេលអនាគត។

  • គេចពីភពងងឹត បង្ហាញស្ថានភាពនៃអ្នកកើតជំងឺបាក់ទឹកចិត្ត និងដំណោះស្រាយពីភាពអន្ធ កាលទាំងអស់នោះ។

ការតាំងពិព័រណ៍នេះ ធ្វើឡើងក្នុងគោលបំណង តាំងបង្ហាញពីស្នាដៃរបស់និសិត្សនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) ក្រោយការបញ្ចប់ដោយជោគជ័យនូវការសិក្សាថ្នាក់ វិជ្ជាជីវៈថតរូបបែបសារព័ត៌មានរួចមក។ ម្យ៉ាងទៀត ការតាំងពិព័រណ៍នេះ ក៏មានបំណង ឆ្លុះបញ្ចាំងអំពីតថភាពពិតនៅក្នុងសង្គម ព្រមទាំងភ្ជាប់ជាសារអប់រំតាមរយៈរូបថតទាំងប្រាំបួនប្រធានបទខាងលើនេះ បង្ហាញជូនតាមរយៈគេហទំព័រផ្លូវការរបស់យើងទៅកាន់សាធារណជនផងដែរ។

ពិព័រណ៍រូបថត «DMC Photo Festival» នេះត្រូវបានប្រព្រឹត្តិទៅរយៈពេលមួយខែពេញ ចាប់ផ្តើមកាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០។ រូបថតចំនួន ២៥០ សន្លឺក ត្រូវបានបានបង្ហាញជូនដល់សារធារណៈជន តាមរយៈគេហទំព័រផ្លូវការwww.dmcphotofest.com។ ក្រៅពីការទស្សនារូបថត កម្មពិធីពិព័រណ៍រូបថត DMC ក៏បានរៀបចំកម្មវិធីកិច្ចពិភាក្សារវាងវាគ្មិន និងទស្សនីយភាពផ្សេងៗ ទៀតចំនួន ១៧ កិច្ចពិភាក្សា ផ្តល់ជូនសាធារណជនអាចតាមដានតាមរយៈការផ្សាយបន្តផ្ទាល់លើទំព័រហ្វេសប៊ុក DMC Photo Festival និងទំព័រហ្វេសប៊ុករបស់ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ រួមមាន៖

  • សប្តាហ៍ទី១ ៖ ជួបជាមួយកិច្ចពិភាក្សាតាមក្រុមរបស់គម្រោងនៃពិព័រណ៍ រួមទាំងកិច្ចពិភាក្សាស្តីអំពីពិព័រណ៍រូបថត DMC ,ការពិភាក្សាអំពីការថតរូបបែបពាណិជ្ជកម្មដោយលោក ថៃ វ៉ាន់ថា (Jerry Thai) និងកិច្ចពិភាក្សាអំពីការថតរូបបែបកំសាន្តដោយលោក សួង ម៉ារឌី (Suong Mardy)។

  • សប្តាហ៍ទី២ ៖ កិច្ចពិភាក្សាតាមក្រុមរបស់គម្រោងនៃពិព័រណ៍ រួមទាំងការពិភាក្សាអំពីការថតរូបក្នុងវិស័យសារព័ត៌មាន​ដោយលោក លោក លន ហ្សាឌីណា (Lon Jadina) និងកិច្ចពិភាក្សាអំពីការថតរូបបែប Travel Photography ដោយលោក ឡា ម៉ូ (La Mo)។

  • សប្តាហ៍ទី៣ ៖ កិច្ចពិភាក្សាតាមក្រុមរបស់គម្រោងនៃពិព័រណ៍ រួមទាំងការពិភាក្សាអំពីការអប់រំផ្លូវចិត្តតាមរយៈការ​សមាធិដោយលោកគ្រូ នឹម ឈុន្នី (Noem Chhunny) និងការពិភាក្សាអំពីស្រ្តីជាអ្នកថតរូបក្នុងវិស័យសារព័ត៌មាន ​ដោយលោកស្រី Lim Jessica។

  • សប្តាហ៍ទី៤ ៖ កិច្ចពិភាក្សាតាមក្រុមរបស់គម្រោងនៃពិព័រណ៍​ រួមទាំងការបង្ហាញក្បាច់របាំខ្មែរ​របស់អ្នកគ្រូ វុធ ច័ន្ទម៉ូ និងការបង្ហាញសិល្បៈរបស់តារាចម្រៀងលោក ម៉ា ច័ន្ទបញ្ញា។

ជាលទ្ធផលគិតត្រឹមថ្ងៃបិទបញ្ចប់កម្មវិធី នាវេលាម៉ោង ៦ៈ០០ នាទីល្ងាច អ្នកទស្សនារូបថតដែលជាស្នាដៃរបស់ក្រុមនិសិ្សតតាមរយៈគេហទំព័រទំព័រផ្លូវការ www.dmcphotofest.com មានចំនួន ៦៤៣១ ។ ទន្ទឹមនឹងនេះ អ្នកទស្សនាកម្មវិធីកិច្ចពិភាក្សារវាងវាគ្មិន និងទស្សនីយភាពផ្សេងៗ ទៀត តាមរយៈការផ្សាយបន្តផ្ទាល់មានចំនួនទស្សនា ១៥១,៦០០ នាក់។

គួបញ្ជាក់ផងដែរថា កម្មវិធីពិព័រណ៍រូបថត ​«DMC Photo Festival» នេះ ត្រូវបានគាំទ្រដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មូនិធិខុនរ៉ាដអាដិនណៅអែ៊ (Konrad Adenauer Stiftung Cambodia) អង្គការជីអាយហ្សេត (GIZ) និងក្រោមការឧបត្ថម្ភគាំទ្រពីស្ថាប័នដូចជា៖

  • Exclusive sponsor: Sony

  • Main Sponsor: JTI, Lucky Burger, Halfer

  • Media Partners: Youth Toaday, Koh Santepheap Daily, PNN TV, Poraman, Thmey Thmey, Dap News, TV5 TV, Sabay Digital, We TV, TV3, Reaksmey News, BTV, Screen Post, Apsara TV

តំណាងឲ្យអ្នករៀបចំកម្មវិធីពិព័រណ៍រូបថត «DMC Phot Festival »នេះ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាដៃគូសហការ ដៃគូដែលជួយឧបត្ថម្ភគាំទ្រ និងអ្នកចូលរួមទាំងអស់ ដែលបានឲ្យកម្មវិធីនេះ ប្រព្រឹត្តទៅយ៉ាងជោគជ័យ។ យើងខ្ញុំសង្ឃឹមថាឯកឧត្តម លោកជំទាវ លោក លោកស្រីនឹងនៅតែបន្តចូលរួមឧបត្ថម្ភគាំទ្រ ដល់កម្មវិធីរបស់យើងខ្ញុំ នៅឆ្នាំក្រោយៗទៀត។


រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០