ក្រោយពីកម្មវិធីពិព័រណ៍រូបថតកាលពីឆ្នាំមុន ក្រោមប្រធានបទ «ពីក្រោយការពិត» ឃើញថាទទួលបានគាំទ្រយ៉ាងខ្លាំង ពីសំណាក់មិត្តៗយុវវ័យ មហាជន និងជាពិសេសចំពោះប្អូនៗនិស្សិតតែម្ដងនោះ ហេតុនេះទើបដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) បានរៀបចំកម្មវិធីនេះឡើងជាលើកទី ២ នៅឆ្នាំ២០២០នេះជាបន្តទៀត ក្រោមការដឹកនាំរបស់លោកគ្រូអ្នកគ្រូ និងការរូបរួមគ្នារបស់និស្សិតឆ្នាំទី២ ប្រចាំដេប៉ាតឺម៉ង់តែម្ដង។ ពិធីសម្ពោធពិព័រណ៍រូបថតលើកទី២ នេះដែរ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២០ ខាងមុខនេះ វេលាម៉ោង ៨:៣០ព្រឹក ដល់ម៉ោង ៥:០០ ល្ងាច។ សម្រាប់ពិព័រណ៍រូបថតឆ្នាំនេះមានប្រធានបទថា «DMC Photo Festival 2020 » ត្រូវបានផលិត និងរៀបចំដោយនិស្សិតឆ្នាំទី២ ជំនាន់ ទី១៨ ក្រោមការដឹកនាំរបស់លោក ផន ភារិទ្ធ ដែលជាគ្រូបង្រៀនថតរូបនៃដេប៉ាតឺម៉ង់ផ្ទាល់។ ចំណែកឆ្នាំនេះផ្តោតសំខាន់លើប្រធានបទចំនួន ៩ខុសគ្នាៗ ច្រើនជាងឆ្នាំមុនដល់ទៅ ៦ប្រធានបទឯណោះ ក្នុងនោះរួមមាន «ចំណែកមួយនៃទីក្រុង» «ឯកសណ្ឋានយើង អត្តសញ្ញាណយើង» «ម្ហូបយើង អត្តសញញាណយើង» «I Am Social Media» «ក្រោមលោកតែមួយ វាសនាខុសគ្នា» «តើសំរាមមកពីណា» «នាដកាតូច» «គេចពីភពងងឹត»។ បើសរុបជាចំនួនរូបថត ឆ្នាំនេះមានប្រហែល ២៥០ផ្ទាំង ដោយមួយប្រធានបទមានប្រហែលពី ១៥ ទៅ ៣០ផ្ទាំង។ នៅក្នុងរយៈតាំងពិព័រណ៍រូបថតនេះ ក៏មានសិក្ខាសាលាប្រចាំសប្តាហ៍ទាក់ទងទៅនឹងប្រធានបទ ដូចជាគន្លឹះក្នុងការថតរូបបែបអាជីវកម្ម កិច្ចពិភាក្សាលើអាជីពអ្នកថតរូប។ ម៉្យាងវិញទៀត បើតាមប្រសាសន៍លោក អ៊ុង ប៊ុនអី ការបានលើកឡើងនូវពាក្យពេចន៍មួយចំនួនបន្ថែមទៀតថា «តាមរយៈការតាំងពិព័រណ៍នៃរូបថតនេះ សារធារណជនក៏មានឱកាសបានដឹងឮ ក៏ដូចជាយល់ពីរឿងរ៉ាវសង្គមទាំងនោះ និងចូលរួមជាផ្នែកមួយនៃដំណោះស្រាយ ព្រោះថាពួកគេក៏ជាផ្នែកមួយនៃរឿងរ៉ាវសង្គមទាំងនោះដែរ»។ គួរបញ្ជាក់ផងដែរថា ការតាំងពិព័រណ៍រូបថតនេះមានរយៈពេល ៣២ថ្ងៃពេញ គិតចាប់ពីថ្ងៃទី ០២ ខែ ឧសភា ដល់ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ២០២០ ដោយសាធារណជនទាំងអស់អាចចូលរួមដោយសេរីនៅក្នុងបរិវេណសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ដូចនេះ ទំនេរៗនាំគ្នីគ្នាទៅលេងផង បានទាំងសប្បាយ បានទាំងចំណេះដឹងថ្មីត្រឡប់មកផ្ទះវិញ៕