រាជធានីភ្នំពេញ ៖ និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍(DMC) នៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ នឹងរៀបចំពិធីសម្ពោធពិព័រណ៍រូបថតលើកទីពីររបស់ខ្លួន នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០ព្រឹក ដល់ម៉ោង៥:០០ល្ងាច ខាងមុខនេះ នៅក្នុងបរិវេណដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ នេះបើយោងតាមប្រកាសព័ត៌មានរបស់ DMC ចុះថ្ងៃទី ០៤ មីនា ឆ្នាំ២០២០ ។
ពិព័រណ៍រូបថតលើកទីពីរនេះ ត្រូវបានផលិត និងរៀបចំដោយនិស្សិតឆ្នាំទីពីរ ជំនាន់ទី១៨ ក្រោមការដឹកនាំរបស់ លោក ផន ភារិទ្ធ (Miller) ដែលជាគ្រូបង្រៀនថតរូប នៃដេប៉ាតឺម៉ង់ផ្ទាល់។
លោក ផន ភារិទ្ធ បានឲ្យដឹងថា ពិព័រណ៍នេះ ត្រូវបានរៀបចំឡើងដើម្បីដាក់តាំងបង្ហាញស្នាដៃថតរូបរបស់និស្សិត បន្ទាប់ពីពួកគេបានសិក្សាអំពីរបច្ចេកទេសថតរូបមួយឆមាសរួមមក។ គ្រប់រូបថត ដែលនឹងដាក់តាំងនោះ នឹងមិនត្រឹមតែឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់និស្សិតប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងឆ្លុះបញ្ចាំងពីស្ថានភាពសង្គមនាពេលបច្ចុប្បន្នផងដែរ។
លោកបានបន្ថែមថា «យើងប្រើរូបភាពជំនួសវីដេអូ ជាសារដើម្បីពញ្ញាក់អារម្មណ៍អ្នកទស្សនាពីសកម្មភាពដែលពួកគាត់ជួបប្រទះរាល់ថ្ងៃ។ បើទោះបីស្នាដៃរបស់និស្សិតមិនសូវជាល្អដូចអ្នកថតរូបអាជីពក៏ដោយ ក៏យើងបានព្យាយាមសម្រិតសម្រាំងឲ្យស្នាដៃទាំងនោះឆ្លុះបញ្ចាំងពីសង្គមវិញ ដោយរូបថតមានលក្ខណៈជាស៊េរីបណ្ដាក់ទៅតាមសាច់រឿងឲ្យអ្នកចូលរួមបានយល់»។
លោក អុង ប៊ុនអ៊ី ប្រធានដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ បាននិយាយថា «ការតាំងពិព័រណ៌រូបថត DMC Photo Festival នេះ បានផ្សារភ្ជាប់ទ្រឹស្តីរបស់និស្សិតទៅនឹងការអនុវត្តជាក់ស្តែង ក្នុងន័យលើកកម្ពស់ចំណេះដឹង និងចំណេះធ្វើរបស់និស្សិត DMC ផ្ទាល់។
លោកលើកឡើងថា ដេប៉ាតឺម៉ង់ក៏ចង់ជំរុញឲ្យនិស្សិតយកឱកាសនេះ សិក្សាស្រាយជ្រាវពីបញ្ហាប្រឈម ក៏ដូចជាវឌ្ឍនភាពនានាក្នុងសង្គម ហើយយកមកឆ្លុះបញ្ចាំងតាមរយៈជំនាញដែលខ្លួនបានសិក្សា។
លោកបន្តថា «តាមរយៈការតាំងពិព័រណ៍រូបថតនេះ សាធារណជនក៏មានឱកាសបានដឹងឮ ក៏ដូចជាយល់ដឹងពីរឿងរ៉ាវសង្គមទាំងនោះ និងចូលរួមជាផ្នែកមួយនៃដំណោះស្រាយ ព្រោះថា ពួកគេក៏ជាផ្នែកមួយនៃរឿងរ៉ាវសង្គមទាំងនោះដែរ»។
ជានិស្សិតឆ្នាំទីពីរនៃដេប៉ាតឺម៉ង់ និងជាផលិតករម្នាក់នៃកម្មវិធីតាំងពិព័រណ៌រូបថតនេះ កញ្ញា សុខ ស្រីលុច បាននិយាយថា៖ «ពួកយើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង បើទោះបីពេលខ្លះត្រូវនៅហាលថ្ងៃ ចុះទូកកណ្ដាលទន្លេ និងត្រូវចុះទៅទីតាំងឆ្ងាយៗក៏ដោយ ក៏យើងនៅទ្រាំដើម្បីបានរូបមួយៗ»។ កញ្ញាសង្ឃឹមថា ពិព័រណ៍រូបថតលើកទីពីរដែលនឹងត្រូវប្រារព្ធធ្វើនៅពេលខាងមុខនេះ នឹងមានអ្នកចូលរួមគាំទ្រច្រើន។
ពិព័រណ៍រូបថតលើកទីពីរនេះ នឹងផ្ដោតសំខាន់ទៅលើប្រធានបទចំនួន ៩ ដែលខុសពីការរៀបចំកាលពីឆ្នាំកន្លងទៅ ដែលមានប្រមាណតែ៣ប្រធានបទតែប៉ុណ្ណោះ។ ប្រធានបទទាំង៩រួមមាន ៖
១. ចំណែកមួយនៃទីក្រុង បង្ហាញពីជីវិតប្រជាជនខ្មែរ-ឥស្លាម (ចាម) ដែលរស់នៅ និងប្រកបរបរនេសាទត្រីនៅលើទន្លេចតុមុខ។
២. ឯកសណ្ឋានយើង អត្តសញ្ញាណយើង បង្ហាញពីឯកសណ្ឋានរបស់ប្រជាជនខ្មែរទៅតាមការងារ និងមុខរបររបស់ពួកគាត់។
៣. ម្ហូបយើង អត្តសញ្ញាណយើង បង្ហាញអំពីរបៀបធ្វើនំបញ្ចុកខ្មែររបស់ប្រជាជននៅតាមខេត្ត។
៤. ជីវិតបីសម័យកាល បង្ហាញអំពីការរស់នៅ និងការស្លៀកពាក់របស់ប្រជាជនក្នុងសម័យអាណានិគមបារាំង សម័យខ្មែរក្រហម និងសម័យបច្ចុប្បន្ន។
៥. I Am Social Media បង្ហាញពីឥទ្ធិពល និងផលប៉ះពាល់ដោយប្រយោលរបស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលមានទៅលើអ្នកប្រើប្រាស់។
៦. ក្រោមលោកតែមួយ វាសនាខុសគ្នា បង្ហាញអំពីជីវិតកុមារដែលរស់នៅក្នុងស្ថានភាពលំបាក ភាពក្រីក្រ ខណៈពេលដែលកុមារផ្សេងទៀតរស់នៅក្នុងភាពសុខស្រួល។
៧. តើសំរាមមកពីណា? បង្ហាញពីប្រភពនៃសំរាមដែលកាន់តែមានបរិមាណច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ។ សកម្មភាពរបស់មនុស្សម្នាក់ៗ ជាផ្នែកមួយនៃប្រភពសំរាម។
៨. នាដកាតូច រៀបរាប់ពីកុមារីម្នាក់ ដែលខិតខំប្រឹងហាត់របាំទាំងខ្លួនទើបតែអាយុ៥ឆ្នាំ និងគ្រួសារមានជីវភាពក្រីក្រដើម្បីក្លាយជានាដការបាំបុរាណខ្មែរ នៅពេលអនាគត។
៩. គេចពីភពងងឹត ការគ្រប់គ្រងដោយអន្ធការងងឹត ការគិតខ្លី ការបាក់ទឹកចិត្ត ភាពស្មុគស្មាញក្នុងជីវិត និងដំណោះស្រាយពីភាពអន្ធកាលទាំងអស់នោះ។
គួរបញ្ជាក់ផងដែរថា ការតាំងពិព័រណ៍រូបថតនេះ មានរយៈពេល៣២ថ្ងៃគិតចាប់ពីថ្ងៃទី០២ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ និងបើកឲ្យចូលរួមទស្សនាដោយសេរីនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ នៅក្នុងរយៈពេលបួនសប្តាហ៍នៃការដាក់តាំងរូបថតនេះ ក៏មានសិក្ខាសាលាប្រចាំសប្តាហ៍ ដែលមហាជនអាចចូលរួមបាន។
សិក្ខាសាលាប្រចាំសប្តាហ៍ ទាក់ទងនឹងប្រធានបទដូចជាគន្លឹះក្នុងការថតរូបបែបអាជីវកម្ម កិច្ចពិភាក្សាលើអាជីពនៃអ្នកថតរូប ការណែនាំឲ្យស្គាល់ក្បាច់បាតនៃរបាំខ្មែរ និងបឋកថាទាក់ទងនឹងសុខភាពផ្លូវចិត្តជាដើម។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់យើង (DMC Photo Festival) ។
កែសម្រួលដោយ ៖ បុប្ផា ប្រភព៖ https://kohsantepheapdaily.com.kh/article/1042496.html